ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយៈ កុយ ង៉ែត 016 660 838
សុន្ទរកថាសំខាន់របស់ សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធី អបអរសាទរខួប៤១ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា
Mon,13 January 2020 (Time 09:09 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 863នាក់)

នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃគណបក្សប្រជាជន សម្តេចក្រឡាហោម ស ខេង និង សម្តេច សាយ ឈុំ អនុប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័នតាមក្រសួងនានា ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីអង្គទូត សិស្សានុសិស្ស និស្សិត និងប្រជាពលរដ្ឋប្រមាណជាជិត៥ម៉ឺននាក់ផងដែរ នៅមជ្ឈមណ្ឌលកោះពេជ្ររាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៧មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជា ដែលបានកាប់សម្លាប់ និងធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ជិត ៣លាននាក់។

ថ្ងៃ ៧ មករា ១៩៧៩ គឺជាបើកឡើងវិញនូវទំព័រសករាជថ្មីនៃឯករាជ្យ សេរីភាព សន្តិភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងវិរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើការលះបង់យ៉ាងធំធេងក្នុងការប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារការរស់ឡើងវិញរបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្វាយនូវព្រះពរដល់ព្រះមហាក្សត្រ និងសម្តេចម៉ែក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ ដែលព្រះអង្គបានគង់ជាម្លប់ដ៏ត្រជាក់សម្រាប់កូនចៅគ្រប់ៗជំនាន់។ សម្តេចតេជោបន្តថា ក្រោយ
ពេលបញ្ចប់សង្រ្គាមទាំងស្រុងនាពេលនោះ គឺបានផ្តល់ឱកាសពេញលេញដល់កម្ពុជាកសាង និងអភិវឌ្ឍន៍ប្រទេសមានការចម្រើនលូតលាស់ជាបន្តបន្ទាប់។ នៅក្រោមម្លប់សន្តិភាព បានធ្វើអោយសេដ្ឋកិច្ចកម្ពុជា កាន់តែរីកលូតលាស់ ក្នុងនោះគឺទំហំពាណិជ្ជកម្ម និងទំហំវិនិយោគពីបរទេសកាន់តែច្រើនឡើង ដែលធ្វើអោយកម្ពុជាអាចរក្សាកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧.១%។

សម្តេចតេជោ ប្រធានគណបក្ស បានបន្តទៀតថា ប្រជាជនកម្ពុជាទាំងអស់បានប្រសិទ្ធនាមថាថ្ងៃ៧មករា គឺជាថ្ងៃកំណើតទី២របស់ខ្លួន និង ៧មករានាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍ។ ជាក់ស្ដែងស្ថិរភាពនយោបាយ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈគឺត្រូវបានថែរក្សាការពារយ៉ាងរឹងមាំ ធ្វើឲ្យប្រជាជនបានរស់នៅយ៉ាងសុខសាន្ត សុខដុមរម្យនា រាល់ការប៉ុនប៉ង និងមានបំណងផ្លាស់ប្ដូររបបនយោបាយនៅកម្ពុជា តាមរយៈវិធានការដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងគោលការណ៍លិទ្ធិប្រជាធិបតេយ្យ ត្រូវបរាជ័យទាំងស្រុងក្រោមចំណាត់ការដោយម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល និងកម្លាំងការពាររបស់ប្រជាជន ដែលបានប្ដេជ្ញាចិត្ដយ៉ាងមោះមុតក្នុងការថែរក្សាជីវភាពរស់នៅដ៏សុខសាន្ត។

សម្តេចតេជោបានមានប្រសាសន៍បន្តទៀតថា កម្ពុជាបានរើខ្លួនចេញរួចផុតពីប្រទេសក្រីក្រ ពីប្រទេសគ្មានអ្វីសោះ មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប ព្រមទាំងកំពុងប្រឹងប្រែងអភិវឌ្ឍន៍ឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

កម្ពុជា ក៏កំពុងកសាងកិត្យានុភាពលើឆាកអន្តរជាតិ តាមគោលនយោបាយការបរទេសរបស់ខ្លួនឲ្យល្បីរន្ទឺផងដែរ។ ទន្ទឹមនឹងនេះ កម្ពុជាក៏កំពុងប្រែក្លាយពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្មទាំងស្រុង ទៅជាប្រទេសដែលពឹងផ្អែកទៅលើវិស័យឧស្សាហកម្ម និងសេវាកម្ម រួមទាំងវិស័យផ្សេងៗទៀត។ កម្ពុជាបានដាក់ចេញនូវគោលនយោបាយគាំពារសង្គម ក្នុងការផ្តល់សេវាថែទាំសេវាសុខភាពសាធារណៈជូនដល់មន្ត្រីរាជការ កម្មករ កម្មការនី និងផែនការអភិវឌ្ឍជាច្រើនទៀត។ ចាប់ពីខែមករា ២០២០ ប្រាក់ខែកម្មករ និងឡើងដល់១៩០ដុល្លារ ដោយមិនគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងៗ ហើយកម្ពុជា នឹងចាប់ផ្តើមពង្រីកបណ្តាញអគ្គិសនីជាច្រើនបន្ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា កម្ពុជាត្រូវតែរួមគ្នាការពារ និងថែរក្សាសន្តិភាពអោយបានគង់វង្សជាដាច់ខាត ពីព្រោះសន្តិភាពនាំមកនូវការអភិវឌ្ឍ និងរីកចម្រើន។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋរួបរួមគ្នាថែរក្សាសន្តិភាព ពង្រឹងឯកភាពជាតិខ្មែរ និងរួមគ្នាថែរក្សាសមិទ្ធផលជាតិអោយបានគង់វង្ស ដើម្បីជាប្រយោជន៍ជាតិគ្រប់ជំនាន់។ រាជរដ្ឋាភិបាលការពារដាច់ខាត នូវការការពារឯករាជ្យ និង សុខសន្តិភាព។ សម្តេចតេជោបានប្តេជ្ញាខិតខំដឹកនាំប្រទេសជាតិអោយមានការរីកចម្រើនបន្តទៀត។

នៅក្នុងឱកាសនោះផងដែ សម្តេចតេជោ ហ៊ុន សែន និងសម្តេចពញាចក្រី ហេង សំរិន រួមទាំងថ្នាក់ដឹកនាំនៃគណៈបក្សប្រជាជនកម្ពុជាបានអញ្ជើញទទួលកន្ត្រកផ្កាពីភ្ញៀវជាតិ អន្តរជាតិ និងបណ្តាក្រសួងនានា ព្រមទាំងបានអញ្ជើញព្រលែងព្រាបសន្តិភាព និងបង្ហោះប៉ោងប៉ោងអបអរសាទរ “ទិវាជ័យជម្នះ ៧មករា លើកទី៤១ “ នៅក្នុងបរិយាកាសស្និទ្ឋស្នាល និងសប្បាយរីករាយក្រៃលែង៕

វីដែអូ