ខេត្តកណ្ដាល ៖ នាព្រឹកថ្ងៃសៅរ៍ ទី១១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្ដមប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ អញ្ជើញជាអធិបតីភាពក្នុងពិធី បើកការរដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែប្រវែង ១០៨០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតនៅក្នុង ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។ ក្នុងពិធីបើកការដ្ឋានសាងសង់នេះ ឯកឧត្ដមប្រាក់ សុខុន មានប្រសាសន៍ថា ការសាងសង់ផ្លូវបេតុងនេះ គឺជាការឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋនៅឃុំព្រែកអំបិល ហើយផ្លូវនេះ សាងសង់រួចរាល់ជាស្ថាពរនៅនាពេលខាងមុខ គឺមុនចូលឆ្នាំខ្មែរ ការសាងសង់ផ្លូវបេតុងខាងលើនេះ គឺសាងសង់ដោយកងវិស្វកម្មក្រសួងការពារជាតិ ។ ឯកឧត្ដមបានសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋ នៅពេលដែលផ្លូវបេតុងមួយខ្សែនេះ សាងសង់រួចរាលជាស្ថាពរ សូមបងប្អូនប្រជាពលរដ្ឋ ជួយចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់ បើកបរលើសល្បឿនកំណត់ ដោយចូលរួមគោរពច្បាប់ ចរាចរណ៍ បើកបរពាក់មួកសុវត្ថិភាព និង យោគយល់អធ្យាស្រ័យខ្ពស់ក្នុងការបើកបរ ។នាឱកាសនេះដែរ ប្រជាពលរដ្ឋបានថ្លែងអំណរអរគុណដល់រាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុក្ខដាក់ ចំពោះប្រជាពលរដ្ឋ មិនថា ទីជិតឬទីឆ្ងាយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺរាជរដ្ឋាភិបាលមិនដែលទុកចោលឡើយ ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត របស់សម្តេចអគ្គសេនាមហាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលលោកបានអភិវឌ្ឍប្រទេសកម្ពុជា តាំងពីគ្មានផ្លូវដែលល្អសម្រាប់ធ្វើដំណើរ រហូតមានផ្លូវ កៅស៊ូ ផ្លូវបេតុង និងផ្លូវទូរគមនាគមន៍ដ៏សំខាន់ៗជាច្រើនទៀតគ្រប់ទីកន្លែង សម្រាប់ប្រជាពលរដ្ឋ អាជីវករ និងឈ្មួញធំៗ អាចងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនទំនិញជាដើម ៕
វីដែអូ