ខេត្តកណ្តាល ៖ សុវត្ថិភាពចរាចរណ៍ ជាបញ្ហាសុភាពសាធារណៈ ដែលជាអាទិភាពចំបង ទាមទារអោយមានការដោះស្រាយ ជាបន្ទាន់ នេះជាការលើកឡើង របស់ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានអនុគណៈកម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកណ្តាល ក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍លើកទី១៤ ដែលប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានប្រជាពលរដ្ឋ អាជ្ញាធរឃុំ សង្កាត់ កងកម្លាំងមានសមត្ថកិច្ច និងសិស្សានុសិស្សចូលរួមជាង ៥០០នាក់ ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា គោលបំណងនៃការប្រារព្ធទិវានេះឡើង គឺមិនគ្រាន់តែចូលរួមរំលឹកដល់ជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពញ្ញាក់ស្មារតីប្រជាជន ឱ្យយល់ដឹងអំពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពី បើកបរធ្វេសប្រហែស មិនគោរពច្បាប់ចរាចរណ៍ ដូចជាការបើកបរ ហួសល្បឿនកំណត់ មិនគោរពសិទ្ធអាទិភាព ការបត់ ឬជែងទាំងប្រថុយប្រថាន ការបើកបរក្រោមឥទ្ធិពលស្រវឹង ការដឹកលើសទម្ងន់កំណត់ ការមិនពាក់មួកសុវត្តិភាព ឬការមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជាដើម ។ឯកឧត្តមបានបន្តថា ក្នុងទិវានេះវាបានជួយជំរុញ និងលើកទឹកចិត្តឱ្យមានការចូលរួម ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដើម្បីទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឱ្យនៅកម្រិតទាបតាមបំណងរបស់រាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ ដែលកំណត់យកថ្ងៃអាទិត្យសប្តាហ៍ទី៣ នៃខែវិច្ឆិកាជារៀងរាល់ឆ្នាំ ។លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណៈការខេត្តកណ្តាល និងជាប្រធាន លេខាធិការដ្ឋាន សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកណ្តាលបានឱ្យដឹងថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅក្នុងទឹកដីខេត្តកណ្តាល មានចំនួន ១៦៩ករណី ថយចុះ ៧ករណី ស្មើនឹង ៤% ក្នុងនោះកម្រិតស្រាលចំនួន ៥៨ករណី បណ្តាលឱ្យមនុស្សរងរបួសចំនួន ១១៩នាក់ ថយចុះចំនួន ៤នាក់ស្មើនឹង ៣% ក្នុងនោះស្រីចំនួន ១៥នាក់ ។សូមជម្រាបថា ក្នុងទិវានេះ ក៍មានរៀបចំនិមន្តព្រះសង្ឃ ប័ង្សុកូលឧទ្ទិសកុសលដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ និងមានចែកមួក សុវត្ថិភាពផងដែរ ។
វីដែអូ