ភ្នំពេញ ៖ ប្រឡាយមេមួយកន្លែងស្ថិតក្នុងភូមិសាស្រ្តខណ្ឌដង្កោ និង ខណ្ឌមានជ័យ ជាប្រឡាយធម្មជាតិ ដែលមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់បង្ហូររំដោះទឹកចេញពីតំបន់ទួលពង្រ និង ខណ្ឌពោធិ៍សែនជ័យស្ទើរតែទាំងមូលផងដែរ ។ ពិតជាថ្លើមធំមែន ក្រុមហ៊ុនសំណង់ផ្ទះល្វែងយីហោ «តាតា TATA» កំពុងតែចាក់ដីរំលោភយកប្រឡាយមេសម្រាប់រំដោះទឹកដ៏សំខាន់មួយ នៅជាប់និងទីតាំងរបស់ខ្លួន ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយពុំមាននរណាហ៊ានប៉ះពាល់ជាមួយម្ចាស់សំណង់ផ្ទះល្វែងមួយនោះឡើយ ។ ហើយម្ចាស់សំណង់ខាងលើថែមទាំង បញ្ជាឲ្យកូនចៅដេញវាយ មន្រ្តីអាជ្ញាធរសង្កាត់ចោមចៅ១ បានរត់ផាសក្រញាំ ស្ទើរតែមិនរួចខ្លួន ខណៈចុះទៅធ្វើការត្រួតពិនិត្យ និង វាស់វែងដីប្រឡាយ បន្ទាប់ពីទទួលបានព័ត៌មានថា ក្រុមហ៊ុននេះចាក់ដីលុបរំលោភយកប្រឡាយទឹកមួយនេះ ។ ប៉ុន្តែពេលនេះត្រូវបានក្រុមហ៊ុនសំណង់ផ្ទះល្វែង «តាតា TATA» មួយនេះចាក់ដីរំលោភ ដែលមុននឹងចាក់ បានសុំច្បាប់ទៅកាន់អាជ្ញាធរខណ្ឌ និងសង្កាត់ចាក់តែត្រឹមដីរបស់ខ្លួនប៉ុណ្ណោះ លុះក្រោយពេលបានច្បាប់អនុញ្ញាត បែរជាចាក់រំលោភយកទាំងប្រឡាយថែមទៀតបែបនេះ ។ លោកកង វង ចៅសង្កាត់ចោមចៅទី១ បាននិយាយថា បញ្ហានេះលោកបានដឹងថា ក្រុមហ៊ុននេះមិន ត្រឹមតែចាក់ដីលុបរំលោភយកដីបឹង និងប្រឡាយប៉ុណ្ណោះទេ តែបានរំលោភយកដីមេភូមិ និង ដីប្រជាពលរដ្ឋថែមទៀតផង ។ ក្រោយពេលទទួលបានដំណឹងនេះភ្លាមៗ លោកបាននាំកម្លាំងចុះទៅធ្វើការត្រួតពិនិត្យវាស់វែងប្រឡាយនោះថែមទៀតផង ប៉ុន្តែពេលទៅដល់ត្រូវបានក្រុមហ៊ុននោះស្ដីឲ្យថា «ចៅសង្កាត់នឹងគ្មានសិទ្ធិអីទៅមើលកន្លែងនឹង គ្មានសិទ្ធិអីទៅនិយាយរឿងនិងទេ មានតែសូរិយោដីខណ្ឌ និង ចៅហ្វាយខណ្ឌទេ » ។ ពេលនោះលោកចៅសង្កាត់ក៏បានតបវិញថា អាជ្ញាធរដែនដីចុះមើល ឬអត់មិនចាំបាច់ស្នើសុំអ្នកឯងទេ អ្នកឯងបំពានហើយឲ្យគេធ្វើលិខិតស្នើសុំអ្នកឯងទៀត។ លោកចៅសង្កាត់បានបន្តថា បឹងនោះឈ្មោះ «បឹងហា» ដែលមានទទឹង ៥៧ម៉ែត្រ ក្នុងនោះកាត់ ចេញជាផ្លូវម្ខាង ១៥ម៉ែត្រ និងប្រឡាយមេ ២៧ម៉ែត្រ ប៉ុន្តែពេលនេះត្រូវចាក់លុបជិតអស់ហើយ ។ ដោយឡែក កាលពីថ្ងៃទី៣ ខែធ្នូ ម្សិលមិញកម្លាំងសង្កាត់ និងសូរិយោដីខណ្ឌពោធិ៍សែនជ័យ បានចុះទៅពិនិត្យមើលម្ដងទៀត ហើយពេលកំពុងបាញ់ពង់ឲ្យចាក់ដីត្រឹមនេះត្រឹមនោះ តែទើបតែបាន ១ប៉ុណ្ណោះ ស្រាប់តែម្ចាស់ក្រុមហ៊ុន បានប្រើឲ្យកម្មកររបស់គាត់លោតធាក់ពង់ចោលអស់ ហើយកម្មកររបស់គេមានរហូតដល់ជាង ១០០នាក់ឯណោះ។ ជាងនេះទៀត លោកចៅសង្កាត់ និងមន្រ្តី ត្រូវក្រុមនោះដេញវាយទៀតផង ហើយការប្រមាថកាតទានខ្លាំងណាស់មកលើអាជ្ញាធរ។ ទាក់ទងទៅកាន់លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃត្រង់ទី៤ ខែធ្នូនេះ ហើយលោកបានប្រាប់ថា «អូនឯងសួររឿងក្រុមហ៊ុន តាតា ចាក់លុបបឹងយ៉ាងម៉េច អាជ្ញាធរណា ទៅឲ្យគេលុបបឹងម៉េច មានអាជ្ញាធរណាអនុញ្ញាតឲ្យគេលុបបឹង ដីរបស់គេ បើដីគេមានកម្មសិទ្ធិ អាហ្នឹងដូចជា ស្រះ ថ្លុក អាហ្នឹងគេលុបរបស់គេបានទៅធ្វើម៉េច បើអូនឯងនិយាយថា គេលុប បឹងវាករណីខុសបាត់ហើយ អាហ្នឹងអាជ្ញាធរណាអនុញ្ញាតឲ្យលុប»។ តែលោកអភិបាលខណ្ឌ បានបញ្ជាក់ថា លោកនឹងចាត់ឲ្យអភិបាលរងលោក ប៉ាង លីដា ចុះទៅពិនិត្យមើល ៕
វីដែអូ