ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយៈ កុយ ង៉ែត 016 660 838
ជនរងគ្រោះ អ៊ាត សុនិសា នៅតែបន្តទទូចដល់ប្រមុខរាជរដ្ឋាភិបាល ជួយដោះស្រាយដីធ្លីដែលមានឯកសារស្របច្បាប់ ក្រោយមានរំលោភយកជាកម្មសិទ្ធពីសំណាក់លោកផ្កាយ៣ ហួត ឈាងអ៊ន
Thu,05 December 2019 (Time 01:44 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 894នាក់)

ភ្នំពេញ ៖ ករណីដីធ្លីរបស់ជនរងគ្រោះ អ៊ាត សុនិសា ដែលរងការរំលោភយកដីជាកម្មសិទ្ធស្របច្បាប់របស់គាត់ ពីសំណាក់មន្ត្រីយោធាជាន់ខ្ពស់ គឺលោកផ្កាយ៣ ហួត ឈាងអ៊ន តួនាទីនាយរងសេនាធិការចម្រុះនៃអគ្គបញ្ជាការដ្ឋានក្រសួងការពារជាតិនៅតែបន្តសកម្មភាពផ្សេងៗ ដើម្បីយកធ្វើជាកម្មសិទ្ធរបស់ខ្លួនដដែល។  ស្ដ្រីរងគ្រោះ អ៊ាត សុនិសា បានឲ្យដឹងថា ៖ ក្រោយពីការអំពាវនាវរបស់អ្នកស្រី ទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីមានដំណោះស្រាយជូនរូបគាត់ ក្នុងនាមជាជនរងគ្រោះម្នាក់ ដែលត្រូវបានមន្ត្រីយោធាជាន់ខ្ពស់បានប្រើគ្រឿងចក្រមកឈូសឆាយព្រុំយកយ៉ាងគឃ្លើន។ ស្រាប់តែលោកផ្កាយ៣ ហួត ឈាងអ៊ន មិនព្រមធ្វើការដោះស្រាយដោយសន្ដិវិធីនោះទេ បែជាប្ដឹងអ្នកស្រីជាជនរងគ្រោះទៅកាន់តុលាការក្នុងការទាមទារសំណងរាប់ម៉ឺនដុល្លារទៅវិញ នេះហាក់ដូចប្រើសិទ្ធអំណាចរបស់ខ្លួនហួសហេតុពេកទៅហើយ។ ស្ដ្រីរងគ្រោះបានបន្តថា ៖ អ្នកស្រីមិនខ្លាចបំភ្លឺក្នុងការទាមទារដីស្របច្បាប់នោះទេ ព្រោះដរាបណាមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺយុត្តិធម៌នៅតែមានសម្រាប់ជនរងគ្រោះដូចជាអ្នកស្រីដដែល។ កន្លងមកអ្នកស្រី ត្រូវបានលោកផ្កាយ៣រូបនេះ បានហៅអ្នកស្រីទៅកាន់អគ្គបញ្ជាការដ្ឋាន ដោយធ្វើការគំរាមសព្វបែបយ៉ាង ព្រោះគេមានអំណាចខ្លាំងណាស់ ទើបបានជាធ្វើបាបអ្នកស្រី និងក្រុមគ្រួសារយ៉ាងដូច្នេះ។ ស្ត្រីរងគ្រោះ បានបញ្ជាក់ថា ៖ រូបគាត់មានលិខិតកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែង របស់រដ្ឋបាលព្រែកលៀប ដែលមានទំហំដីធ្លី (១៨០ម៉ែត្រx៤៥ម៉ែត្រ) ស្ថិតនៅភូមិខ្នុរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ដីនេះត្រូវបានផ្ទេរសិទ្ធពីម្ចាស់ដើមឈ្មោះ ឡេង ផានិត (ម្ចាស់ដីកាន់កាប់តាំងពីឆ្នាំ១៩៩៥) តាំងពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ ឲ្យទៅស្ដ្រីរងគ្រោះឈ្មោះ អ៊ាត សុនិសា ដើម្បីអាស្រ័យផលលើដីនេះដោយស្របច្បាប់។ លុះកាន់កាប់មកដល់ឆ្នាំ២០១៨ ស្រាប់តែលោកផ្កាយ៣ម្នាក់ឈ្មោះ ហួត ឈាងអ៊ន មានតួនាទីជានាយរងសេនាធិការចម្រុះនៃអគ្គបញ្ជាការដ្ឋាន បានដឹកនាំកម្លាំងយោធា រថយន្តមានស្លាកលេខខេមរភូមិន្ទ យកគ្រឿងចក្រ (អេស្កា) មកឈូសឆាយព្រំដី និងកម្ទេចបង្គោលយកធ្វើកម្មសិទ្ធរបស់ខ្លួនយ៉ាងគឃ្លើនតែម្ដង។ បន្ទាប់ពីអ្នកស្រីបានបង្ហាញឯកសារផ្លូវច្បាប់ដែលទទួលស្គាល់ពីលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារយ៉ាងណាក៏ដោយ នៅតែលោកផ្កាយ៣ នៅតែមិនព្រមទទួលស្គាល់ និងផ្គើនយកជាកម្មសិទ្ធដដែល។ សូមជ្រាបថា ៖ លិខិតផ្ទេសិទ្ធកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែង (លេខៈ០០៩ល.ប) ដែលមានឈ្មោះ ឡេង សំនិត ភេទប្រុស អាយុ៣៨ឆ្នាំ ជាម្ចាស់ដីស្របច្បាប់កាន់កាប់ដីធ្លីទំហំ (១៨០ម៉ែត្រx៤៥ម៉ែត្រ) ស្ថិតនៅទីតាំងភូមិខ្ទុរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ តាំងពីឆ្នាំ១៩៩៥ រហូតមកដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ បានផ្ទេសិទ្ធកាន់កាប់ដីធ្លីទៅឲ្យឈ្មោះ អ៊ាត សុនិសា ភេទស្រី អាយុ៤០ឆ្នាំ កាន់កាប់ប្រើប្រាស់ដីធ្លី ដែលមានលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារចុះហត្ថលេខាទទួលស្គាល់។ លិខិតផ្ទេសិទ្ធកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែង (លេខៈ០៣៤ល.ប) ដែលមានឈ្មោះ សុច សុខា ភេទស្រី អាយុ៤៧ឆ្នាំ ជាម្ចាស់ដីកាន់កាប់និងប្រើប្រាស់ដីធ្លីទំហំ (២០ម៉ែត្រx១០០ម៉ែត្រ) តាំងពីឆ្នាំ១៩៩៦ រហូតដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៤ បានផ្ទេសិទ្ធកាន់កាប់ប្រើប្រាស់ឲ្យទៅឈ្មោះ អ៊ាត សុនិសា ដើម្បីកាន់កាប់បន្តនិងចុះហត្ថលេខាទទួលស្គាល់ដោយលោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប។ ដូចបានជម្រាបជូនខាងលើនេះ បញ្ជាក់ឲ្យឃើញថា អ្នកស្រី អ៊ាត សុនិសា ពិតជាម្ចាស់កម្មសិទ្ធស្របច្បាប់ក្នុងការប្រើប្រាស់ និងអាស្រ័យផលលើដីនេះពិតប្រាកដមែន ហេតុអ្វីបានជាលោកផ្កាយ៣ ហួត ឈាងអ៊ន មានឯកសារអ្វីជាសំអាង បានជាចូលកាន់កាប់អាស្រ័យផលលើដីមានម្ចាស់ស្របច្បាប់បែបនេះ? ជនរងគ្រោះសូមធ្វើការសំណូមពរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយជនរងគ្រោះដែលរងការរំលោភបំពាននេះផង ៕

វីដែអូ